អាមេរិកប៉ែងជើងHuawei ចិនប្តេជ្ញាស៊ូស្លាប់មិនរាថយក្នុងសង្គ្រាមពាណិជ្ជកម្មបេកាំង៖ភ្នាក់ងារសារព័ត៌មានChannel News Asia បានឲ្យដឹងកាលពីថ្ងៃទី២៣ឧសភាកន្លងមកថារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនបានរិះគន់ដល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុនទូរគមនាគមន៍Huawei ថាជាការបៀតបៀនផ្នែកសេដ្ឋកិច្ចនិងបានព្រមានថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការតស៊ូរហូតដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។
ជម្លោះពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេលើពិភពលោកនេះបានតានតឹងឡើងកាន់តែខ្លាំងបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំ(Donald Trump) ចេញបទបញ្ជាដោយយោងតាមមូលហេតុសន្តិសុខជាតិកាលពីសប្តាហ៍មុនដែលបានបង្កឲ្យក្រុមហ៊ុនបរទេសជាច្រើនកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយនឹងHuawei ។
រដ្ឋមន្ត្រីការបរទេសWang Yi របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធក្នុងកិច្ចប្រជុំមួយថា« សហរដ្ឋអាមេរិកប្រើអំណាចរដ្ឋដើម្បីដាក់សម្ពាធលើក្រុមហ៊ុនឯកជនចិនដូចជាHuawei គឺប្រៀបបានជាការបៀតបៀនផ្នែកសេដ្ឋកិច្ច» ។
បទបញ្ជារបស់លោកប្រធានាធិបតីត្រាំហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗដល់ក្រុមហ៊ុនHuawei និងក្រុមហ៊ុនក្រោមការគ្រប់គ្រងដទៃទៀតដោយយោងតាមមូលហេតុសន្តិសុខជាតិនិងអត្ថប្រយោជន៍គោលនយោបាយការបរទេស។
ក្រុមហ៊ុនPanasonic របស់ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍មកថាពួកគេនឹងកាត់បន្ថយអាជីវកម្មជាមួយនឹងHuawei ហើយមួយថ្ងៃមុនក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទក្នុងប្រទេសជប៉ុននិងអង់គ្លេសបាននិយាយថាពួកគេនឹងពន្យាពេលការចេញលក់ស្មាតហ្វូនថ្មីៗរបស់Huawei ផងដែរ។
យោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលបានចេញកាលពីល្ងាចថ្ងៃពុធបានឲ្យដឹងថាលោកWang បានបន្ត« មនុស្សមួយចំនួនក្នុងសហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសចិនមានសិទ្ធិត្រឹមត្រូវក្នុងការអភិវឌ្ឍន៍និងចង់ផ្អាកដំណើរការលូតលាស់របស់ក្រុមហ៊ុន»។
ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាលើការបន្តកិច្ចចរចាពាណិជ្ជកម្មឡើយបន្ទាប់ពីកិច្ចប្រជុំកាលពីដើមខែនេះដោយលោកប្រធានាធិបតីត្រាំបង្កើនពន្ធលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារនិងប្រទេសចិនបង្កើនពន្ធលើផលិតផលអាមេរិកប្រមាណ៦០ប៊ីលានដុល្លារវិញ៕

Comments
Post a Comment